អតីតអ្នកចាត់ការទូទៅក្លិប Chelsea លោក Thomas Tuchel កំពុងតែមានទំនាក់ទំនងក្នុងការផ្លាស់ទៅចូលរួមដឹកនាំក្លិប Bayern Munich ឬ Juventus។

ជាការពិតណាស់ ក្រោយចាប់ផ្តើមពុំសូវបានល្អក្នុងពានរង្វាន់ Premier League ជាពិសេស បរាជ័យបើកឆាកការប្រកួត Champions League ទល់នឹង Dinamo Zagreb ក្នុងលទ្ធផល ១ទល់នឹង០ ធ្វើឲ្យ Chelsea សម្រេចចិត្តលោក Tuchel ចេញពីតំណែងតែម្តង នាពេលថ្មីៗនេះ។
បើយោងទៅតាមការចុះផ្សាយរបស់ Metro បានលើកឡើងថា លោក Tuchel កំពុងតែមានពាក្យចចាមអារ៉ាមក្នុងការផ្លាស់ទៅដឹកនាំ Bayern Munich ឬ Juventus ដែលកំពុងតែមានទម្រង់លេងធ្លាក់ចុះខ្លាំង ជាក់ស្តែងក្រោមការដឹកនាំរបស់លោក Julian Nagelsmann គឺ Bayern មិនទាន់ស្គាល់រសជាតិឈ្នះនៅឡើយទេ៤ប្រកួតចុងក្រោយនៅក្នុងលីគ ខណៈ លោក Massimiliano Allegri ក៏ពុំទាន់ជួយក្រុម Juventus ទទួលបានលទ្ធផលល្អដូចគ្នា តាមរយៈការឈរនៅលេខ៨ក្នុងលីគ និង បរាជ័យទាំង២ប្រកួតក្នុងពានរង្វាន់ Champions League៕
