ប្រធានក្លិប Barcelona លោក Joan Laporta ត្រូវបានគេរាយការណ៍ថា គ្រោងនឹងចាត់តាំងអ្នកចាំទី Marc-Andre Ter Stegen ជា ប្រធានក្រុមធំចាប់ពីរដូវកាលក្រោយ។

ក្នុងពេលបច្ចប្បន្ននេះSergio Busquets ជា ប្រធានក្រុមធំរបស់ Barcelona ខណៈ Gerard Pique, Jordi Alba និង Sergi Robertoជា ប្រធានក្រុមទី២ ទី៣​ និងទី៤ ប៉ុន្តែ សម្រាប់ Busquets កិច្ចសន្យារបស់គេជាមួយក្លិបនឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាលនេះ ហើយ រូបគេក៏ទំនងជានឹងមិននៅទឹកដីអេស្ប៉ាញបន្តទៀតដែរ​ ខណៈ អនាគតរបស់ Pique និង Alba គឺ ស្រពេចស្រពិលដូចគ្នា។

បើយោងទៅតាមការចុះផ្សាយរបស់ El Nacional បានលើកឡើងថា លោក Laporta កំពុងសម្លឹងឃើញ Ter Stegen ដែលជាសមាសភាពស័ក្តិសមបំផុតមួយក្នុងការធ្វើជាប្រធានក្រុមធំរបស់ Barcelona ខណៈ ប្រធានក្រុមរងពី Stegen អាចនឹងជា Pedri, Ronald Araujo និង Ansu Fati៕