Ajax ត្រូវ​បាន​គេ​រាយការណ៍​ថា​ចង់​ចុះ​ហត្ថលេខា​ឡើង​វិញលើ​ខ្សែ​បម្រើ​ស្លាប​របស់ Chelsea កីឡាករ Hakim Ziyech ដើម្បី​ជំនួស​តំណែង Antony ដែលចាកចេញទៅ Manchester United។

Manchester United បាន​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​ជាផ្លូវការក្នុងការទិញ​កីឡាករ Antony បន្ទាប់​ពី​បាន​យល់​ព្រម​លើ​តម្លៃ​ខ្លួន ១០០លានអុឺរ៉ូ​ជាមួយ​នឹង​ក្រុម​ម្ចាស់​ជើងឯក​ហូឡង់ក្លឹប Ajax។ Antony នឹងធ្វើដំណើរទៅកាន់ Old Trafford ឆាប់ៗនេះជាមូលហេតុដែល Ajax ចាប់ផ្តើមស្វែងរកអ្នកជំនួស Antony ហើយ Ziyech ត្រូវបានកំណត់ជាជម្រើសរបស់ Ajax។

យោងតាម Daily Mail បានឱ្យដឹងថា Ajax កំពុងកំណត់គោលដៅអតីតកីឡាកររបស់ពួកគេដែលបានចាកចេញពីក្លឹបនៅឆ្នាំ 2020 ទៅចូលរួមជាមួយ Chelsea ក្នុងកិច្ចព្រមព្រៀង 38 លានផោន។ ទោះបីជាយ៉ាងណាក៏ដោយភាគរយខ្ពស់ណាស់ដែល Ziyech អាចនឹងចេញពី Chelsea ដោយសារការមកដល់របស់ Raheem Sterling ធ្វើអោយគាត់មិនអាចមានពេលបង្ហាញខ្លួនគ្រប់គ្រាន់នោះទេ។ កីឡាករសញ្ជាតិម៉ារ៉ុករូបនេះនៅសល់កុងត្រារយៈពេល 3 ឆ្នាំទៅជាមួយ Chealsea និងបានក្លាយជាកីឡាករបម្រុងក្នុងការប្រកួតចំនួន 3 ប្រកួតក្នុងចំណោមការប្រកួត Premier League របស់ Chelsea ចំនួន 4 លើកមកនេះ។

ប្រភព៖ Sportsmole