អ្នកចាត់ការក្លិបអ្នកមានបុណ្យ FC Barcelona លោក Xavi បានបញ្ជាក់យ៉ាងច្បាស់ថា លោកនៅតែមានទំនុកចិត្តពេញលេញជាមួយគម្រោងរយះពេលវែងរបស់ក្លិប Barcelona ស្របពេលដែលលើកមកនិយាយរឿងទីផ្សារដោះដូរកីឡាករខែមករា។

បន្ទាប់ពីត្រលប់មកកាន់ទឹកដី Camp Nou ក្នុងនាមជាអ្នកចាត់ការរបស់ Barcelona ជិតមួយឆ្នាំមកនេះ Xavi បានកែប្រែក្រុមយ៉ាងគួរឲ្យកត់សម្គាល់។ ប៉ុន្តែក្រុមរបស់លោក នៅមិនទាន់មានលទ្ធភាពកាន់ពានអ្វីមួយទាល់តែសោះ ជាក់ស្តែងធ្វើមិនបានល្អ ហើយធ្លាក់ត្រឹមវគ្គចែកពូលពានរង្វាន់ UEFA Champions League ២ឆ្នាំជាប់ៗគ្នា ដោយអាចផ្តល់ផលប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់ក្លិប។ មុនការប្រកួតជាមួយ Valencia ថ្ងៃសៅរ៍នេះ Xavi បាននិយាយថា “យើងមិនឈប់ខំប្រឹងទេ ហើយខ្ញុំនៅតែមានទំនុកចិត្តចំពោះគម្រោងមួយនេះ។ វាជាអ្វីដែលយើងនឹកស្មានមិនដល់ដែលយើងធ្លាក់ចេញពី Champions League។ យើងធ្វើមិនបានល្អ ដូចនេះយើងត្រូវទទួលការរិះគន់និងបន្តស្ថាបនាខ្លួនយើង។ ខ្ញុំជឿជាក់លើប្រធានក្លិប ថ្នាក់ដឹកនាំ ក៏ដូចជា Mateu និង Jordi”។
