លោក Steven Gerrard ត្រូវបានបណ្តេញចេញពីតំណែងគ្រូបង្វឹករបស់ក្រុម Aston Villa ក្រោយធ្វើមិនល្អសម្រាប់រដូវកាលថ្មី ពោលគឺមិនអាចធ្វើឲ្យ Aston Villa ឆ្លងផុតចំណាត់ថ្នាក់លេខ១៧។

នេះជាក្លិបទី២ដែលអតីតកីឡាកររបស់ Liverpool បានដឹកនាំ ក្រោយពីចំណាយពេលជាមួយ Rangers ហើយជួយឲ្យក្រុមនេះឈ្នះពាន Scottish Premiership ដោយមិនស្គាល់បរាជ័យ។ នៅពេលដែលអ្នកសារព័ត៌មានសួរពាក់ព័ន្ធនិងការដកតំណែង Gerrard លោក Jurgen Klopp ដែលជាអ្នកចាត់ការក្រុមហង្សក្រហម Liverpool បាននិយាយថា “ខ្ញុំគិតថាពួកយើងមិនមានអ្វីត្រូវបារម្ភពី Stevie នោះទេ។ គាត់និយាយខ្លួនគាត់តាំងពីថ្ងៃមុន គាត់ដឹងថារឿងបែបនេះអាចនិងកើតមានឡើងហើយ”
បន្ថែមពីនេះ អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់ក៏លើកឡើងទៀតថា “ធម្មតាទៅហើយក្នុងជីវិត យើងតែងតែជួបបញ្ហា ហើយយើងត្រូវតែប្រឈមជាមួយវា។ អ្នកទាំងអស់គ្នាដឹងហើយថា Stevie នៅតែល្អជាងខ្ញុំ គាត់តែងតែត្រលប់មកវិញ ហើយគាត់និងត្រលប់មកវិញនៅថ្ងៃណាមួយ”។ សម្រាប់ Aston Villa បច្ចុប្បន្នមិនទាន់មានគ្រូបង្វឹកនៅឡើយ ខណះដែលក្រុមនេះត្រូវជួប Brentford នៅថ្ងៃស្អែក។ លោក Thomas Frank, Ruben Amorim និង Mauricio Pochettino សុទ្ធតែជាបេក្ខភាពនាំមុខក្នុងការមកដឹកនាំក្រុម Aston Villa៕
ប្រភព : ESPN