មកដឹងពីប្រវត្តិ នៃការប្រកួត El Clasico រវាងក្រុមអ្នកមានបុណ្យ FC Barcelona និងក្រុមអធិរាជស Real Madrid…
Posted by Noah on October 17, 2022
ជំនួប El Clasico ត្រូវបានគេចាត់ទុកថាជាការប្រកួតបាល់ទាត់មួយដែលជក់ចិត្តបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ El Clasico ជាជំនួបយ៉ាងស៊ីសាច់ហុតឈាម រវាងក្រុមអ្នកមានបុណ្យ FC Barcelona និងក្រុមអធិរាជស Real Madrid ហើយការប្រកួតមួយនេះមានលក្ខណះពិសេសដោយសារតែក្រុមទាំងពីរមានប្រវត្តិសាស្ត្រជាគូបដិបក្ខរហូតមកដល់បច្ចុប្បន្ន។
ជំនួបដំបូងបង្អស់រវាងរវាងក្រុមអ្នកមានបុណ្យ FC Barcelona និងក្រុមអធិរាជស Real Madridធ្វើឡើងនៅថ្ងៃទី១៣ ឧសភា ឆ្នាំ១៩០២ ដោយ FC Barcelona យកឈ្នះ Madrid FC ដែលបច្ចុប្បន្នជាក្រុម Real Madrid ក្នុងលទ្ធផល ៣:១ ការប្រកួតក្នុងពាន Copa de la Coronacion។ ជំនួប El Clasico ដែលមានលទ្ធផលធំធេងបំផុត គឺកាលពីថ្ងៃ១៩ មិថុនា ឆ្នាំ១៩៤៣ ក្នុងពានរង្វាន់ Copa del Rey កាលនោះ Real Madrid យកឈ្នះ Barcelona ក្នុងលទ្ធផលនឹកស្មានមិនដល់ ១១:១។ ដោយឡែកការប្រកួតចុងក្រោយបង្អស់រវាងក្រុមទាំងពីរ ធ្វើឡើងនៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២២នេះ ដោយ FC Barcelona ឈ្នះ Real Madrid ១:០ ក្នុងការប្រកួតមិត្តភាព។ក្រុមយក្សទាំងពីរ មានប្រវត្តិជួបគ្នាក្នុងការប្រកួតផ្លូវការ ២៤៩ និងការប្រកួតលក្ខណះមិត្តភាព ៣៤ដង សរុបចូលគ្នាស្មើ ២៨៣ប្រកួត។ គិតតែក្នុងការប្រកួតផ្លូវការ Real Madrid ជាអ្នកទទួលបានជ័យជម្នះច្រើនជាង ពោលគឺ Real Madrid ធ្លាប់ឈ្នះ១០០ដង ស្មើ៥២ដង និងចាញ់ Barcelona ៩៧ដង។ ក្នុងការប្រកួតលក្ខណះមិត្តភាព ៣៤ដង Barcelona ឈ្នះ២០ដង ស្មើ១០ដង និង Real Madrid ឈ្នះត្រឹមតែ៤ដងប៉ុណ្ណោះ។ បើសរុបការប្រកួតទាំងពីរប្រភេទ ក្រុមអ្នកមានបុណ្យ Barceloa ស្គាល់ជ័យជម្នះ១១៧ដង Real Madrid ឈ្នះ១០៤ដង និងស្មើគ្នា៦២ប្រកួត។
កីឡាករ Lionel Messi ជាកីឡាករដែលអាចរកគ្រាប់បាល់បានច្រើនជាងគេក្នុងការប្រកួត El Clasico ដោយរកបាន២៦គ្រាប់។ កំណត់ត្រានេះ ស្ថិតនៅលើកំណត់ត្រារបស់ Alfredo Di Stefano និង Cristiano Ronaldo ដោយអតីតកីឡាករ Real Madrid ទាំងពីររូបនេះ សុទ្ធតែមាន១៨គ្រាប់ក្នុងការប្រកួត El Clasico ដូចៗគ្នា។ Lionel Messi និង Sergio Ramos ជាកីឡាករដែលមានវត្តមានក្នុងជំនួបធំនេះច្រើនជាងគេ ដោយមានវត្តមាន៤៥ដងដូចៗគ្នា។ កំណត់ត្រានេះ កំពុងតែត្រូវតាមពីក្រោយដោយកីឡាករ Sergio Busquets ដែលមាន៤៣ប្រកួត ហើយជាកីឡាករដែលនៅលេងឲ្យ Barcelona ដល់សព្វថ្ងៃ។ Gerard Pique មានវត្តមាន ៤០ប្រកួត ខណះ Karim Benzema របស់ Real Madrid បង្ហាញខ្លួនបាន៣៨ដង ឲ្យក្រុមអធិរាជស។
ដោយឡែកគ្រូបង្វឹកដែលធ្លាប់ចូលរួមការប្រកួតនេះច្រើនបំផុត គឺលោក Miguel Munoz របស់ Real Madrid ដោយធ្លាប់ដឹកនាំ Real Madrid ក្នុងជំនួប El Clasico ៣៦លើក។ Johan Cruyff ជាគ្រូបង្វឹក Barcelona ដែលមានមុខច្រើនបំផុតក្នុងជំនួប El Clasico។ Miguel Munoz នៅតែជាប់ឈ្មោះជាគ្រូបង្វឹកដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្តិ El Clasico ដោយធ្លាប់ឈ្នះ១៦ដង ខណះ Johan Cruyff និង Pep Guardiola ជាគ្រូ Barcelona ដែលធ្លាប់ដឹកនាំក្រុមឲ្យឈ្នះ ៩ប្រកួត៕